البلد
The City • 20 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)។
2ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតនៅក្នុងទឹកដីនេះ។
3(ទ្រង់)ស្បថនឹងបិតានៃមនុស្សជាតិ(ព្យាការីអាហ្ទាំ) ហើយនិងអ្វី(កូនចៅរបស់គាត់)ដែលកើតចេញអំពីគាត់។
4ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតក្នុងការលំបាក។
5តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេឬ?
6គេនិយាយថា៖ ខ្ញុំបានបរិច្ចាគនូវទ្រព្យសម្បត្ដិយ៉ាងច្រើន។
7តើគេគិតស្មានថា គ្មាននរណាម្នាក់ឃើញគេឬ?
8តើយើងមិនបានបង្កើតឱ្យគេមានភ្នែកពីរ
9និងអណ្ដាតមួយ បបូរមាត់ពីរ
10ព្រមទាំងចង្អុលបង្ហាញផ្លូវពីរដល់គេ(ផ្លូវល្អ និងផ្លូវអាក្រក់)ទេឬ?
11ហេតុអ្វីបានជាគេមិនឆ្លងកាត់ការលំបាក(នៃថ្ងៃបរលោក)?
12តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាការលំបាក(នៃថ្ងៃបរលោក)នោះ?
13នោះគឺការដោះលែងទាសករម្នាក់ឱ្យមានសេរីភាព
14ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្ស
15ឬ(ផ្តល់ចំណីអាហារដល់)ក្មេងកំព្រាដែលជាញាតិសន្តាននឹងគ្នា
16ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។
17បន្ទាប់មក គេក៏បានស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ព្រមទាំងផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។
18អ្នកទាំងនោះហើយ គឺជាក្រុមខាងស្តាំ។
19រីឯពួកដែលគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកគេគឺជាក្រុមខាងឆេ្វង។
20ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិត(នៅថ្ងៃបរលោក)។