المطففين
The Defrauders • 36 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ
2គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួនពីអ្នកដទៃ នៅពេលខ្លួនទិញ។
3តែនៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ឱ្យគេនោះឡើយ។
4តើពួកទាំងនោះមិនដឹងថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ
5នៅក្នុងថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ទេឬ?
6គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។
7ពុំដូច្នោះឡើយ! ពិតណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកដែលសាងអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។
8តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា ស៊ិជ្ជីន នោះ?
9គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។
10ភាពវិនាសអន្ដរាយនៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ
11គឺពួកដែលបដិសេធនឹងថ្ងៃបរលោក។
12ហើយគ្មានអ្នកដែលបដិសេធនឹងវាឡើយ លើកលែងតែពួកដែលបំពាន ពួកដែលសាងបាបកម្មច្រើនប៉ុណ្ណោះ។
13នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យគេស្តាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។
14ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ អ្វីដែលពួកគេប្រព្រឹត្តបានដុះស្នឹមលើដួងចិត្តរបស់ពួកគេ។
15ពុំដូច្នោះឡើយ! ពិតប្រាកដណាស់ នៅក្នុងថ្ងៃនោះ ពួកគេពិតជានឹងត្រូវបានគេរារាំងមិនឱ្យឃើញព្រះជាម្ចាស់របស់ពួកគេឡើយ។
16បន្ទាប់មក ពួកគេពិតជានឹងចូលក្នុងជើហ៊ីម។
17ក្រោយមក មានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។
18មិនដូច្នោះឡើយ! ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់អ្នកដែលបានសាងអំពើល្អទាំងឡាយ គឺស្ថិតក្នុង អ៊ិល្លីយូន។
19តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អ៊ិល្លីយូន នោះ?
20គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។
21ម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតអល់ឡោះជាអ្នកនាំបញ្ជីនោះមក។
22ពិតប្រាកដណាស់ អ្នកដែលសាងអំពើល្អទាំងឡាយ គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។
23(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ)។
24អ្នកនឹងឃើញភាពត្រចះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។
25ពួកគេត្រូវបានគេបម្រើស្រាដ៏បរិសុទ្ធជាមួយនឹងពែងដ៏ប្រណីត។
26តំណក់ចុងក្រោយរបស់វា មានក្លិនក្រអូប។ ដើម្បីទទួលបានបែបនេះ ចូរឲ្យអ្នកប្រកួតប្រជែងទាំងឡាយ ប្រកួតប្រជែងគ្នាចុះ។
27វាត្រូវបានលាយជាមួយនឹង តាសនីម
28ជាប្រភពទឹកមួយដែលអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតទទួលទានវា។
29ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ ពួកគេធ្លាប់បានសើចចំអកឲ្យបណ្ដាអ្នកដែលមានជំនឿ។
30ហើយនៅពេលដែលពួកគេដើរកាត់បណ្ដាអ្នកដែលមានជំនឿ គឺពួកគេចំអកឡកឡឺយដាក់។
31ហើយនៅពេលដែលពួកទាំងនោះត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនវិញ គឺពួកគេត្រឡប់ទៅដោយភាពសប្បាយរីករាយ(ចំពោះអ្វីដែលពួកគេបានធ្វើ)។
32ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វង។
33ហើយពួកគេមិនត្រូវបានគេបញ្ជូនឲ្យទៅឃ្លាំមើលអ្នកមានជំនឿទាំងឡាយនោះឡើយ។
34ដូច្នេះ នៅក្នុងថ្ងៃនេះ បណ្ដាអ្នកដែលមានជំនឿនឹងសើចចំអកឲ្យពួកគេវិញម្តង។
35(ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់អ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ)។
36តើពួកគ្មានជំនឿត្រូវបានគេតបស្នងឲ្យចំពោះអ្វីដែលពួកគេបានប្រព្រឹត្តដែរឬទេ?!