الانفطار
The Cleaving • 19 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1នៅពេលដែលមេឃប្រេះបែក
2និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បាក់បែក
3និងនៅពេលដែលសមុទ្រទាំងឡាយត្រូវរលាយចូលគ្នា
4និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់។
5(នៅពេលនោះ) បុគ្គលគ្រប់រូបនឹងដឹងនូវអ្វីដែលខ្លួនបានសាង និងអ្វីដែលខ្លួនមិនទាន់បានសាង។
6ឱមនុស្ស(ដែលបដិសេធការបង្កើតឲ្យរស់ឡើងវិញ)! តើអ្វីដែលបោកប្រាស់អ្នកឲ្យប្រឆាំងនឹងព្រះជាម្ចាស់របស់អ្នកដ៏មហាថ្កុំថ្កើង?
7ជាអ្នកដែលបានបង្កើតរូបអ្នក និងបានធ្វើឱ្យអ្នកមានរូបរាងកាយសមសួន
8ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនា ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។
9ពុំដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃបរលោក។
10ហើយពិតប្រាកដណាស់ គឺពិតជាមានអ្នកឃ្លាំមើល(ម៉ាឡាអ៊ីកាត់)លើពួកអ្នក។
11ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់ទង្វើរបស់ពួកអ្នក)។
12ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
13ពិតប្រាកដណាស់ អ្នកដែលបានសាងអំពើល្អទាំងឡាយ ពិតជានឹងស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
14ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ ពិតជាស្ថិតក្នុងភ្លើងនរកដែលឆាបឆេះ។
15ពួកគេនឹងទទួលរងនូវកម្តៅរបស់វានៅថ្ងៃបរលោក។
16ហើយពួកគេមិនអាចគេចវេះពីវាបានជាដាច់ខាត។
17តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃបរលោកជាអ្វីនោះ?
18បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកជាអ្វីនោះ?
19គឺថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់អ្នកដទៃនោះឡើយ។ ហើយនៅក្នុងថ្ងៃនោះ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។