الطارق
The Night Comer • 17 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ស្បថនឹងមេឃ ហើយ(ទ្រង់)ស្បថនឹង អាត់តរិក។
2តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អាត់តរិក នោះ?
3គឺជាផ្កាយមួយដួងដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច(នៅលើមេឃ)។
4រាល់ជីវិតគ្រប់រូបសុទ្ធតែមានអ្នកឃ្លាំមើល(គ្រប់ទង្វើរបស់គេ)។
5ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើរូបគេត្រូវបានគេបង្កើតពីអ្វី?
6រូបគេត្រូវបានគេបង្កើតពីទឹក(កាម)ដែលបាញ់បញ្ចូលទៅក្នុងស្បូនស្រ្តី
7ដែលចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ត្រី។
8ពិតប្រាកដណាស់ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការត្រឡប់គេ(ឲ្យមានជីវិតម្តងទៀត)។
9នៅថ្ងៃដែលអាថ៌កំបាំងទាំងឡាយត្រូវបានគេលាតត្រដាង
10ពិតណាស់ (នៅថ្ងៃនោះ) រូបគេគ្មានអានុភាពអ្វីឡើយ ហើយក៏គ្មានអ្នកជួយនោះដែរ។
11(អល់ឡោះ)ស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្តងហើយម្តងទៀត(មិនចេះអស់)។
12(ទ្រង់)ស្បថនឹងផែនដីដែលប្រេះបែក។
13ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាពាក្យបន្ទូលដែលវែកញែក(រវាងខុសនិងត្រូវ)។
14ហើយវាមិនមែនជាការលេងសើចឡើយ។
15ពិតប្រាកដណាស់ ពួកគេ(ពួកដែលបដិសេធ)បានប្រើល្បិចកល
16ហើយយើង(អល់ឡោះ)ក៏មានផែនការតបតទៅវិញដែរ។
17ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿមួយរយៈពេលខ្លីសិនចុះ។