البروج
The Great Stars • 22 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ស្បថនឹងមេឃដែលមានគន្លងគោចរជាច្រើន។
2(ទ្រង់)ស្បថនឹងថ្ងៃ(បរលោក)ដែលគេបានសន្យា។
3(ទ្រង់)ស្បថនឹងសាក្សី និងអ្នកដែលគេធ្វើសាក្សីឱ្យ។
4គេបានដាក់បណ្ដាសាចំពោះក្រុមអ៊ួខទូត(ដែលជីករណ្ដៅធ្វើទារុណកម្មអ្នកមានជំនឿ)
5នៅក្នុងរណ្តៅភ្លើងដែលមានកំណាត់អុស
6ខណៈដែលពួកគេអង្គុយជុំវិញរណ្ដៅភ្លើងនោះ។
7ហើយពួកគេជាសាក្សីចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដទៅលើបណ្ដាអ្នកដែលមានជំនឿ។
8ហើយការដែលពួកគេធ្វើទារុណកម្មលើបណ្តាអ្នកមានជំនឿនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេមានជំនឿចំពោះអល់ឡោះដ៏មហាខ្លាំងពូកែ ជាទីកោតសរសើរនោះឡើយ។
9ជាអ្នកដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយទ្រង់មហាឃើញបំផុតនូវរាល់អ្វីៗទាំងអស់។
10ពិតប្រាកដណាស់ ពួកដែលដុតសម្លាប់បណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី ក្រោយមក ពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ទេនោះ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មនៃនរកជើហាន់ណាំ ហើយនឹងទទួលនូវទណ្ឌកម្មដោយភ្លើងឆេះសន្ធោសន្ធៅ។
11ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។
12ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក គឺពិតជាខ្លាំងក្លាបំផុត។
13ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលបានបង្កើត(ភាវៈទាំងអស់)ពីដំបូង ហើយទ្រង់ជាអ្នកត្រឡប់វាមកវិញ។
14ហើយទ្រង់ជាអ្នកមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត
15ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង
16ជាអ្នកដែលធ្វើនូវអ្វីដែលទ្រង់មានចេតនា។
17តើបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេនូវដំណឹងរបស់កងទ័ព
18ហ្វៀរអោន និងពួកសាមូដនោះ?
19ផ្ទុយទៅវិញ ពួកគ្មានជំនឿ គឺនៅតែបដិសេធ។
20ហើយអល់ឡោះមហាដឹងជ្រួតជ្រាបអំពីពួកគេ។
21ផ្ទុយទៅវិញ វាជាគម្ពីរគួរអានដ៏ថ្កុំថ្កើងបំផុត។
22ដែលត្រូវបានថែរក្សានៅក្នុងបញ្ជីកំណត់ត្រា(ឡាវហុលម៉ះហ៊្វូស)។