ق
Qaf • 45 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1កហ្វ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ថ្កុំថ្កើន។
2ផ្ទុយទៅវិញ ពួកគេភ្ញាក់ផ្អើលដែលអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមពួកគេបានមកដល់ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថា៖ នេះគឺជារឿងមួយដ៏ចម្លែក។
3តើនៅពេលដែលពួកយើងបានស្លាប់ និងបានក្លាយជាដីអស់នោះ (តើពួកយើងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញម្តងទៀតឬ)? នោះគឺជាការវិលត្រឡប់មួយដ៏សែនឆ្ងាយ(មិនអាចទៅរួចឡើយ)។
4ពិតប្រាកដណាស់ យើង(អល់ឡោះ)ដឹងបំផុតនូវអ្វីដែលដីបានស៊ីអំពី(រាងកាយ)ពួកគេ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាដែលត្រូវបានរក្សាទុក។
5ផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានបដិសេធនឹងសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេ។ ហើយពួកគេស្ថិតក្នុងភាពមិនច្បាស់លាស់។
6តើពួកទាំងនោះមិនបានមើលទៅកាន់មេឃដែលនៅពីលើពួកគេទេឬ ថាតើយើងបានសាងសង់វា និងបានតុបតែងលម្អវា ព្រមទាំងគ្មានការប្រេះស្រាំអ្វីសោះយ៉ាងដូចម្តេច?
7ចំណែកឯផែនដី យើងបានលាតសន្ធឹងវា និងបានបង្កើតភ្នំជាច្រើននៅលើវា(ជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាយ៉ាងស្រស់បំព្រង
8ដើម្បីឲ្យ(ពួកអ្នក)ឃើញច្បាស់ និងជាការរំឭកចំពោះរាល់ខ្ញុំបម្រើរបស់អល់ឡោះដែលវិលត្រឡប់ទៅរកទ្រង់។
9ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់បាន
10ព្រមទាំងដើមល្មើដែលមានដើមដ៏ខ្ពស់មានចង្កោមផ្លែស្រាក់លើគ្នា
11ដើម្បីជាលាភសក្ការៈសម្រាប់ខ្ញុំបម្រើ(របស់អល់ឡោះ)។ ហើយតាមរយៈទឹកភ្លៀងនោះផងដែរ យើងបានធ្វើឱ្យដីដែលស្ងួតហួតហែងមានជីវិតឡើងវិញ។ ក៏ដូចគ្នាដែរ ការបញ្ចេញ(ពួកអ្នកពីផ្នូរ)មកវិញ។
12(អ្នកជំនាន់មុនពួកមុស្ហរីគីន)បានបដិសេធមុនពួកគេទៅទៀត (ដូចជា)ក្រុមរបស់ព្យាការីនួហ ពួករ៉ស និងពួកសាមូទ
13ហើយនិងក្រុមអាទ ហ្វៀរអោន ក្រុមរបស់ព្យាការីលូត
14ក្រុមអៃកះ ព្រមទាំងពួកទុបហ្ពាក់។ រាល់ក្រុមទាំងអស់នោះសុទ្ធតែបានបដិសេធនឹងអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។ ដូច្នេះ ការសន្យា(ចំពោះពួកគេ)ក៏បានកើតឡើងពិតប្រាកដ។
15តើយើងអសមត្ថភាពក្នុងការបង្កើតភាវៈទាំងឡាយពីដំបូងឬ? ផ្ទុយទៅវិញ ពួកគេស្ថិតក្នុងភាពមន្ទិលសង្ស័យចំពោះការបង្កើតសារជាថ្មី។
16ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក ហើយយើងដឹងច្បាស់នូវអ្វីដែលចិត្តគំនិតរបស់គេសញ្ជឹងគិតអំពីវា។ ហើយយើងនៅជិតខ្លួនគេជាងសរសៃកដែលតភ្ជាប់ទៅនឹងបេះដូងទៅទៀត។
17ខណៈដែលម៉ាឡាអ៊ីកាត់ពីររូបអង្គុយនៅខាងស្តាំ និងខាងឆ្វេងចាំកត់ត្រា(ទង្វើរបស់គេ)។
18រាល់ពាក្យសម្តីដែលគេនិយាយចេញមក គឺសុទ្ធតែមានអ្នកឃ្លាំមើល និងកត់ត្រាដែលនៅជាមួយគេជានិច្ច។
19ហើយភាពឈឺចាប់នៃសេចក្តីស្លាប់បានមកដល់យ៉ាងពិតប្រាកដ។ នោះហើយជាអ្វីដែលអ្នក(មនុស្សលោក)ធ្លាប់បានរត់គេចអំពីវា។
20ហើយគេបានផ្លុំត្រែ(ជាលើកទីពីរ)។ នោះហើយជាថ្ងៃនៃការសន្យា(ដាក់ទណ្ឌកម្មពួកគ្មានជំនឿ)។
21ហើយបុគ្គលគ្រប់ៗរូបបានមកដល់ដោយនៅជាមួយគេ គឺមានអ្នកនាំផ្លូវ និងអ្នកធ្វើសាក្សី។
22ពិតប្រាកដណាស់ អ្នកធ្លាប់ព្រងើយកន្តើយចំពោះរឿងនេះ។ ដូច្នេះ យើងបានបើកចេញនូវគម្រប(ដែលគ្របចិត្ត)របស់អ្នកចេញពីអ្នក។ ហេតុដូច្នេះ ការឃើញរបស់អ្នកនៅថ្ងៃនេះ គឺច្បាស់បំផុត។
23ហើយម៉ាឡាអ៊ីកាត់ដែលកត់ត្រាទង្វើរបស់គេបាននិយាយថា៖ អ្វីដែលមាននៅជាមួយខ្ញុំនេះ គឺជាកំណត់ត្រាទង្វើដែលបានត្រៀមទុកជាស្រេច។
24(អល់ឡោះបានមានបន្ទូលថា៖) ចូរអ្នកទាំងពីរបោះទៅក្នុងនរកជើហាន់ណាំនូវរាល់ពួកដែលប្រឆាំង ចចេសរឹងរូសចុះ។
25ជាពួកដែលច្រើនតែរារាំងនូវប្រការល្អ ជាអ្នកដែលបំពាន និងជាអ្នកដែលមានការមន្ទិលសង្ស័យ។
26គឺអ្នកដែលបានយកព្រះផ្សេងមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរអ្នកទាំងពីរបោះគេទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។
27(ស្ហៃតនដែលជា)គូកនរបស់គេបាននិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ខ្ញុំមិនបានធ្វើឱ្យរូបគេវង្វេងនោះទេ ក៏ប៉ុន្តែរូបគេខ្លួនឯងទេដែលធ្លាប់ស្ថិតក្នុងភាពវង្វេងដ៏សែនឆ្ងាយនោះ។
28ទ្រង់បានមានបន្ទូលថា៖ ចូរពួកឯងកុំមកឈ្លោះប្រកែកគ្នានៅចំពោះមុខយើងឱ្យសោះ។ ជាការពិតណាស់ យើងបានផ្តល់ការព្រមានដល់ពួកឯងរួចទៅហើយ(ក្នុងលោកិយ)។
29បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)នោះដែរ។
30(ចូរអ្នករំលឹកដល់ក្រុមរបស់អ្នក) នៅថ្ងៃដែលយើងនឹងសួរទៅកាន់នរកជើហាន់ណាំថា៖ តើឯងពេញហើយឬនៅ? វាឆ្លើយថា៖ តើមានបន្ថែមទៀតទេ?
31ហើយឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិតបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ដោយវានៅមិនឆ្ងាយ(ពីពួកគេ)ឡើយ។
32(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាអ្វីដែលគេបានសន្យានឹងពួកអ្នក សម្រាប់រាល់អ្នកដែលវិលត្រឡប់(សារភាពកំហុស) និងអ្នកដែលថែរក្សា(នូវអ្វីដែលគេបានដាក់ជាកាតព្វកិច្ច)។
33គឺអ្នកដែលខ្លាចព្រះជាម្ចាស់ដ៏មហាសប្បុរសដោយអាថ៌កំបាំង ហើយគេបានមកដល់(ថ្ងៃបរលោក)ដោយដួងចិត្តដែលសារភាពកំហុស។
34(មានគេនិយាយទៅកាន់ពួកគេថា៖) សូមពួកអ្នកចូលទៅក្នុងឋានសួគ៌ដោយសុខសន្តិភាពចុះ។ នោះគឺជាថ្ងៃដែលអមតៈ។
35នៅក្នុងនោះ ពួកគេទទួលបានតាមអ្វីដែលពួកគេប្រាថ្នា។ ហើយយើងនៅមានការបន្ថែម(លើសពីនោះ)ទៀត។
36ហើយមានប្រជាជាតិជាច្រើនមកហើយមុនពួកគេ(ពួកមុសុ្ហរីគីន)ដែលយើងបានបំផ្លាញ ដែលពួកទាំងនោះជាពួកដែលមានភាពខ្លាំងក្លាជាងពួកគេទៅទៀត។ ហើយពួកគេបានធ្វើដំណើរក្នុងទឹកដី(របស់ខ្លួនដើម្បីគេចពីការបំផ្លាញ)។ តើពួកគេមានកន្លែងរត់គេចដែរឬទេ?
37ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឭកសម្រាប់អ្នកដែលមានដួងចិត្ត(ចេះគិតពិចារណា) ឬនៅស្ងៀមស្តាប់ដោយចិត្តទុកដាក់បំផុត។
38ហើយជាការពិតណាស់ យើងបានបង្កើតមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយយើងគ្មានការនឿយហត់ឡើយ។
39ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នកលើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិច។
40ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកប្រតិបត្តិសឡាត និង(លើកតម្កើងទ្រង់)ក្រោយពេលប្រតិបត្តិសឡាតរួច។
41ហើយចូរអ្នកស្តាប់(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអ្នកទទួលបន្ទុកខាងផ្លុំត្រែបានផ្លុំត្រែ(ជាលើកទីពីរ)ចេញពីកន្លែងដែលជិតបំផុត
42ជាថ្ងៃដែលពួកគេបានឮសម្រែកយ៉ាងពិតប្រាកដ។ នោះគឺជាថ្ងៃក្រោកចេញ(ពីផ្នូររបស់ពួកគេ)។
43ពិតប្រាកដណាស់ យើងជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត។ ហើយកន្លែងវិលត្រឡប់ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។
44នៅថ្ងៃដែលដីបានបែកចេញពីពួកគេ(ដោយពួកគេបានក្រោកចេញពីផ្នូរ)យ៉ាងលឿន។ ហើយការប្រមូលផ្តុំ(ពួកគេ)នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់យើង។
45យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនមែនជាអ្នកដែលអាចបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។ ដូច្នេះ ចូរអ្នករំលឹកតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលខ្លាចការព្រមាន(របស់យើង)ចុះ។