الواقعة
The Event • 96 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1នៅពេលដែលថ្ងៃបរលោកកើតឡើង
2ចំពោះការកើតឡើងរបស់វា គឺគ្មានអ្នកដែលបដិសេធទៀតឡើយ។
3គេទម្លាក់(ពួកគ្មានជំនឿទៅក្នុងឋាននរក) និងលើកឋានៈ(បណ្តាអ្នកដែលមានជំនឿក្នុងឋានសួគ៌)។
4នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរង្គើយ៉ាងខ្លាំងបំផុត
5ហើយភ្នំទាំងឡាយត្រូវបានគេបំបែកឱ្យបែកខ្ទេចខ្ទី
6ពេលនោះ វាក៏ក្លាយជាធូលីដែលរសាត់តាមខ្យល់។
7(នៅថ្ងៃនោះ) ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖
8ក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!
9និងក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!
10ហើយនិងក្រុមដែលរួសរាន់ក្នុងការសាងអំពើល្អ។
11អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)ជិតនឹងអល់ឡោះជាម្ចាស់
12ដោយស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។
13មួយក្រុមធំ គឺមកពីប្រជាជាតិនេះ និងប្រជាជាតិជំនាន់មុនៗ។
14ហើយភាគតិច គឺជាមនុស្សសម័យកាលចុងក្រោយ។
15(ពួកគេ)នៅលើគ្រែធ្វើអំពីមាស
16ដោយទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។
17ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ
18ដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរ(ក្នុងឋានសួគ៌)។
19វាមិនធ្វើឲ្យពួកគេឈឺក្បាល និងបាត់បង់សតិដោយសារវានោះឡើយ។
20ហើយមានផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសបាន
21និងសាច់បក្សីជាច្រើនតាមដែលពួកគេត្រូវការ
22ព្រមទាំងស្រ្តីសួគ៌
23ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)
24ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
25ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឱ្យមានបាបកម្មនៅក្នុងវានោះឡើយ។
26មានតែពាក្យឲ្យសាឡាមគ្នាប៉ុណ្ណោះ។
27ហើយក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!
28(ពួកគេ)នៅក្រោមដើមពុទ្រាដែលពុំមានបន្លា
29ក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា
30នៅក្រោមម្លប់ជាប់ជានិច្ច
31ហើយមានទឹកហូរជាប់រហូត
32និងមានផ្លែឈើជាច្រើន
33ដែលមិនចេះអស់ និងមិនអាចរារាំង(ពីពួកគេ)នោះដែរ
34ហើយនិងពូកដែលត្រូវបានគេលើក(ដាក់លើគ្រែ)។
35ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រ្តីសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតធម្មតា)
36ដោយយើងបានឱ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ជានិច្ច
37ដែលស្រលាញ់តែស្វាមីរបស់ខ្លួនប៉ុណ្ណោះ និងមានអាយុស្មើៗគ្នា
38សម្រាប់ក្រុមខាងស្តាំ។
39ពួកគេជាក្រុមជាច្រើននៃប្រជាជាតិជំនាន់មុនៗ។
40និងក្រុមជាច្រើននៃប្រជាជាតិជំនាន់ក្រោយផងដែរ។
41រីឯក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!
42(ពួកគេ)ស្ថិតនៅក្រោមខ្យល់ដ៏សែនក្តៅបំផុត និងក្រោមទឹកដ៏សែនក្តៅបំផុត។
43និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត
44ដែលវាមិនត្រជាក់ ហើយក៏មិនសុខស្រួលនោះដែរ។
45ប្រាកដណាស់ កាលពីមុននេះ ពួកគេធ្លាប់ជាពួកដែលសោយសុខ(ក្នុងលោកិយ)។
46ហើយពួកគេធ្លាប់ស្ថិតនៅលើការប្រព្រឹត្តអំពើបាបដ៏ធំធេង។
47ហើយពួកគេធ្លាប់បាននិយាយថា៖ នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយជាដី និងឆ្អឹងហើយនោះ ពួកយើងនឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឬ?
48ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះ?
49ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ
50ពិតជានឹងត្រូវបានគេប្រមូលផ្តុំទៅកាន់ទីណាត់មួយនាថ្ងៃដែលត្រូវបានកំណត់។
51បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកវង្វេងដែលបដិសេធ
52ប្រាកដជានឹងបានទទួលទានអំពីដើមហ្ស៊ឹកគូម
53ហើយពួកអ្នកនឹងបំពេញពោះ(របស់ពួកអ្នក)នឹងផ្លែនោះ។
54រួចមក ពួកអ្នកនឹងផឹកទឹកដ៏សែនក្តៅបំផុត
55ដោយពួកអ្នកផឹក(យ៉ាងច្រើន)ដូចសត្វអូដ្ឋដែលស្រេកទឹក។
56នេះហើយជាអ្វីដែលគេត្រៀមទទួលពួកគេនៅថ្ងៃបរលោក។
57យើងបានបង្កើតពួកអ្នក។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿជាក់?
58តើពួកអ្នកឃើញដែរឬទេនូវទឹកកាមដែលពួកអ្នកបញ្ចូលទៅក្នុងស្បូនស្ត្រី
59តើពួកអ្នកជាអ្នកដែលបានបង្កើតវា ឬមួយយើងជាអ្នកបង្កើតវា?
60យើងបានកំណត់សេចក្តីស្លាប់រវាងពួកអ្នក។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ
61លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយដែលពួកអ្នកមិនបានដឹងនោះ។
62ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងពីការបង្កើត(ពួកអ្នក)លើកដំបូងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនយកជាមេរៀន?
63តើពួកអ្នកបានឃើញដែរឬទេនូវអ្វីដែលពួកអ្នកបានសាបព្រួសនោះ?
64តើពួកអ្នកជាអ្នកបណ្តុះវា ឬមួយយើងជាអ្នកដែលបណ្តុះវា(ឱ្យដុះឡើង)?
65ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើឱ្យវាក្រៀមស្វិត ហើយពួកអ្នកនឹងមានការភ្ញាក់ផ្អើល(ចំពោះអ្វីដែលបានកើតឡើង)ជាមិនខាន។
66(ពួកអ្នកនឹងនិយាយថា៖) ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម។
67ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីលាភសក្ការៈ)។
68តើពួកអ្នកបានឃើញដែរឬទេចំពោះទឹកដែលពួកអ្នកផឹកនោះ
69តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីដុំពពក ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?
70ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងធ្វើឱ្យវាមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?
71តើពួកអ្នកឃើញដែរឬទេចំពោះភ្លើងដែលពួកអ្នកបង្កាត់នោះ
72តើពួកអ្នកជាអ្នកបង្កើតដើមឈើ(ដែលអាចយកមកបង្កាត់)វាបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវា?
73យើងបានបង្កើតវា(ភ្លើង)ជាការដាស់រំឭក និងជាប្រយោជន៍ដល់អ្នកដំណើរទាំងឡាយ។
74ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។
75(អល់ឡោះទ្រង់)ស្បថនឹងទីគោចររបស់ហ្វូងតារាទាំងឡាយ។
76ហើយពិតប្រាកដណាស់ វាជាការស្បថដ៏ធំធេងមួយ ប្រសិនបើពួកអ្នកបានដឹង។
77ពិតប្រាកដណាស់ វាជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម
78ដែលត្រូវបានរក្សាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។
79គ្មានអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែអ្នកដែលស្អាតស្អំប៉ុណ្ណោះ។
80ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ ។
81តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធនឹងគម្ពីរគួរអាននេះ
82ហើយពួកអ្នកចាត់ទុក(ការដឹងគុណ)លាភសក្ការៈរបស់ពួកអ្នកដោយពួកអ្នកប្រឆាំងបែបនេះឬ?
83ដូច្នេះ ហេតុអ្វីបានជានៅពេលដែល(ព្រលឹង)បានទៅដល់បំពង់ក
84ខណៈដែលពេលនោះ ពួកអ្នកកំពុងតែសម្លឹងមើល(អ្នកជិតស្លាប់)
85ហើយយើង គឺនៅជិតរូបគេជាងពួកអ្នកទៅទៀត ប៉ុន្តែពួកអ្នកមិនបានឃើញនោះឡើយ
86ដូច្នេះ តើពួកអ្នកមានសមត្ថភាពដែរឬទេ ប្រសិនបើពួកអ្នកមិនត្រូវបានគេជំនុំជម្រះទេនោះ
87ចូរពួកអ្នកឱ្យព្រលឹងនោះត្រលប់មកវិញមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។
88រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលមានឋានៈជិត(ចំពោះអល់ឡោះ)
89គេនឹងទទួលបានក្តីមេត្តាករុណា និងភាពរីករាយ ហើយនិងឋានសួគ៌ណាអ៊ីម។
90រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមក្រុមខាងស្តាំវិញ
91(មានគេនិយាយទៅកាន់រូបគេថា៖) សូមសន្តិភាពកើតមានដល់អ្នកដោយបានស្ថិតក្នុងចំណោមក្រុមខាងស្តាំ។
92ចំណែកឯប្រសិនបើរូបគេស្ថិតក្នុងចំណោមពួកបដិសេធដែលវង្វេងវិញនោះ
93ពិតណាស់ គេត្រៀមទទួលរូបគេដោយទឹកដ៏សែនក្តៅបំផុត
94ហើយនិងត្រូវបានគេដុតដោយភ្លើងនរកជើហ៊ីម។
95ពិតប្រាកដណាស់ នេះគឺជាការពិតយ៉ាងជាក់ច្បាស់។
96ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។