لقمان
Luqman • 34 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
2ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។
3ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់អ្នកដែលសាងអំពើល្អទាំងឡាយ។
4គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយពួកគេមានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោក។
5អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។
6ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលទិញយកសម្តីលេងសើចដើម្បីធ្វើឲ្យ(មនុស្សលោក)វង្វេងចេញពីមាគ៌ារបស់អល់ឡោះដោយគ្មានចំណេះដឹង ហើយយកវាក្យខណ្ឌរបស់អល់ឡោះធ្វើជាការសើចចំអក។ ពួកទាំងនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
7ហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្តាប់ គឺគេបែរចេញពីវាដោយភាពក្រអឺតក្រទមប្រៀបដូចរូបគេមិនបានឮវាសោះ ហាក់ដូចជានៅក្នុងត្រចៀកទាំងពីររបស់គេមានឆ្នុកបិទដូច្នោះដែរ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់គេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ។
8ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ណាអ៊ីម។
9ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការសន្យាររបស់អល់ឡោះ គឺជាពិត។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
10ទ្រង់បានបង្កើតមេឃជាច្រើនជាន់ដោយគ្មានសសរ(ទ្រ)ឡើយដូចដែលពួកអ្នកបានឃើញ ហើយទ្រង់បានបង្កើតភ្នំទាំងឡាយនៅលើផែនដីជាលំនឹងដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកអ្នក។ ហើយទ្រង់បានពង្រាយនៅលើផែនដីនូវសត្វពាហនៈជាច្រើនប្រភេទ។ ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ រួចយើងបានបណ្ដុះនៅលើផែនដីនូវរុក្ខជាតិគ្រប់ប្រភេទដ៏ស្រស់បំព្រង។
11នេះគឺជាការបង្កើតរបស់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បង្ហាញឱ្យយើងបានឃើញមក ថាតើមានអ្វីខ្លះដែលអ្នកផ្សេងក្រៅពីទ្រង់បានបង្កើតនោះ? ផ្ទុយទៅវិញ ពួកដែលបំពាន គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
12ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យលុកម៉ាននូវគតិបណ្ឌិត។ (យើងបានមានបន្ទូលថា៖) ចូរអ្នកដឹងគុណអល់ឡោះ។ ជនណាហើយដែលដឹងគុណ តាមពិតគេដឹងគុណចំពោះខ្លួនឯងប៉ុណ្ណោះ។ រីឯជនណាហើយដែលរមិលគុណ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
13ហើយ(ចូរអ្នករំលឹក)នៅពេលដែលលុកម៉ានបាននិយាយទៅកាន់កូនរបស់គេដោយបានទូន្មានថា៖ ឱកូនសម្លាញ់! ចូរកូនកុំធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិក គឺជាការបំពានដ៏ធំធេងបំផុត។
14ហើយយើង(អល់ឡោះ)បានផ្តែផ្តាំដល់មនុស្សលោក(ឱ្យធ្វើល្អ)ចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះរូបគេដោយភាពលំបាកជាន់លើលំបាក ហើយបានផ្តាច់គេពីការបំបៅក្នុងអំឡុងពេលពីរឆ្នាំ។ (យើងបានមានបន្ទូលថា៖) ចូរអ្នកដឹងគុណមកចំពោះយើង និងទៅចំពោះឪពុកម្តាយរបស់អ្នក។ ហើយកន្លែងវិលត្រឡប់(របស់អ្នក) គឺមកកាន់យើង(តែមួយគត់)។
15ហើយប្រសិនបើគាត់ទាំងពីរព្យាយាមឱ្យអ្នកធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីដែលអ្នកគ្មានចំណេះដឹងអំពីវាទេនោះ ចូរអ្នកកុំធ្វើតាមគាត់ទាំងពីរឲ្យសោះ។ ប៉ុន្តែអ្នកត្រូវមានទំនាក់ទំនងជាមួយគាត់ទាំងពីរនៅក្នុងលោកិយដោយល្អប្រសើរ។ ហើយចូរអ្នកដើរតាមមាគ៌ារបស់អ្នកដែលវិលត្រឡប់មកកាន់យើង។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
16ឱកូនសម្លាញ់! ប្រាកដណាស់ (មិនថាអំពើអាក្រក់ ឬអំពើល្អឡើយ) ទោះបីជាវាមានទំហំតូចប៉ុនគ្រាប់ស្ពៃ ហើយស្ថិតនៅក្នុងផ្ទាំងថ្ម ឬនៅលើមេឃជាច្រើនជាន់ ឬក៏នៅលើផែនដីក៏ដោយ ក៏អល់ឡោះនឹងនាំយកវាមកដែរ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ អល់ឡោះមហាល្អិតល្អន់ មហាដឹងបំផុត។
17ឱកូនសម្លាញ់! ចូរកូនប្រតិបត្តិសឡាត និងប្រើគ្នាឱ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងអត់ធ្មត់ទៅលើអ្វីដែលកើតឡើងចំពោះកូន។ ប្រាកដណាស់ នោះគឺស្ថិតក្នុងចំណោមកាតព្វកិច្ចដែលត្រូវអនុវត្ត។
18ហើយចូរកូនកុំងាកមុខចេញពីមនុស្សលោក(ដោយភាពក្អេងក្អាង) ហើយកុំដើរនៅលើផែនដីដោយភាពក្រអឺតក្រទមឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់បណ្តាជនដែលក្រអឺតក្រទម និងក្អេងក្អាងនោះឡើយ។
19ហើយចូរបន្ទន់ឥរិយាបថក្នុងដំណើដើរររបស់កូន និងបន្ទន់សំឡេងរបស់កូនផងដែរ។ ពិតប្រាកដណាស់ សំឡេងដែលអាក្រក់បំផុត គឺសំឡេងរបស់សត្វលា។
20តើពួកអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានសម្រួលដល់ពួកអ្នកនូវអ្វីដែលនៅលើមេឃជាច្រើនជាន់ និងអ្វីដែលនៅលើផែនដី។ ហើយទ្រង់បានបំពេញឱ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលជជែកដេញដោលពី(ភាពជាម្ចាស់តែមួយគត់របស់)អល់ឡោះដោយគ្មានចំណេះដឹង គ្មានការចង្អុលបង្ហាញ ហើយក៏គ្មានគម្ពីរមកបំភ្លឺនោះដែរ។
21ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេឆ្លើយតបថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើប៉ុណ្ណោះ។ តើសូម្បីតែស្ហៃតនអំពាវនាវពួកទាំងនោះទៅកាន់ទណ្ឌកម្មដែលឆាបឆេះ(ក៏ពួកគេនៅតែធ្វើតាម)ដែរឬ?
22ហើយជនណាដែលប្រគល់ខ្លួនទៅកាន់អល់ឡោះ ហើយគេជាមនុស្សល្អត្រឹមត្រូវទៀតនោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវមូលហេតុដែលនាំទៅរកការពេញចិត្តពីអល់ឡោះ។ ហើយលទ្ធផលចុងក្រោយនៃកិច្ចការទាំងឡាយ គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។
23រីឯជនណាដែលប្រឆាំងវិញនោះ ចូរកុំឱ្យការប្រឆាំងរបស់គេធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានទុក្ខព្រួយ។ កន្លែងវិលត្រឡប់របស់ពួកគេ គឺមកកាន់យើង(តែមួយគត់) ហើយយើងនឹងប្រាប់ពួកគេពីអ្វីដែលពួកគេប្រព្រឹត្ត។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ត(របស់ពួកគេ)។
24យើងនឹងឱ្យពួកគេសោយសុខមួយរយៈពេលខ្លីប៉ុណ្ណោះ(ក្នុងលោកិយ)។ បន្ទាប់មក យើងនឹងអូសពួកគេទៅកាន់ទណ្ឌកម្មដ៏សែនធ្ងន់ធ្ងរបំផុត(នៅថ្ងៃបរលោក)។
25ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះ។ ចូរអ្នកពោលថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
26អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ ជាទីកោតសរសើរបំផុត។
27ហើយប្រសិនបើដើមឈើទាំងអស់នៅលើផែនដី គឺជាស្លាបប៉ាកា ហើយសមុទ្រ(ធ្វើជាទឹកថ្នាំដើម្បីសរសេរ) រួចបន្ថែមពីលើនោះនូវសមុទ្រចំនួនប្រាំពីរទៀតក៏ដោយ ក៏នៅតែមិនអាចកត់ត្រាអស់នូវបន្ទូលរបស់អល់ឡោះដែរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
28ការបង្កើតពួកអ្នក និងការធ្វើឲ្យពួកអ្នករស់ឡើងវិញ គឺប្រៀបដូចជាជីវិតតែមួយប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាឃើញបំផុត។
29តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃទៅក្នុងពេលយប់។ ហើយទ្រង់បានកំណត់គន្លងគោចររបស់ព្រះអាទិត្យនិងព្រះចន្ទ ដោយវាទាំងពីរធ្វើដំណើររហូតដល់ពេលវេលាដែលត្រូវបានកំណត់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។
30នោះគឺដោយសារតែអល់ឡោះ(តែមួយគត់)គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេកំពុងតែគោរពសក្ការៈផ្សេងពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេងបំផុត។
31តើអ្នកមិនបានឃើញទេឬ ពិតប្រាកដណាស់ សំពៅទាំងឡាយអាចធ្វើដំណើរនៅលើផ្ទៃសមុទ្របានដោយឧបការគុណរបស់អល់ឡោះដើម្បីទ្រង់បង្ហាញឱ្យពួកអ្នក(ឱមនុស្សលោក)បានឃើញនូវសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។ ពិតប្រាកដណាស់នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលដឹងគុណ។
32ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេប្រៀបដូចជាពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះដោយចិត្តស្មោះស។ តែនៅពេលដែលទ្រង់បានសង្រ្គោះពួកគេដល់ត្រើយ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែរាល់អ្នកដែលក្បត់ និងអ្នកដែលរមិលគុណប៉ុណ្ណោះ។
33ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយអ្វីដល់កូន ហើយកូនក៏មិនអាចជួយអ្វីបន្តិចដល់ឪពុកនោះដែរ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ដូច្នេះ ចូរកុំឱ្យឆាកជីវិតលោកិយបោកប្រាស់ពួកអ្នកឱ្យសោះ ហើយចូរកុំឱ្យពួកបោកប្រាស់នោះ បោកប្រាស់ពួកអ្នកពីអល់ឡោះបានឱ្យសោះ។
34ពិតប្រាកដណាស់ ចំណេះដឹងអំពីថ្ងៃបរលោក គឺស្ថិតនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បញ្ចុះទឹកភ្លៀង ហើយទ្រង់ដឹងនូវអ្វីដែលមាននៅក្នុងស្បូនស្ត្រី។ ហើយបុគ្គលម្នាក់ៗមិនបានដឹងទេថា តើខ្លួននឹងទទួលបានអ្វីនៅថ្ងៃស្អែក ហើយក៏គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅទីណានោះដែរ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាបបំផុត។