الإنسان
Man • 31 ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតមុនពេលដែលមនុស្សមានវត្តមាន ខណៈដែលគេពុំទាន់ជាអ្វីមួយដែលត្រូវគេរំលឹកនៅឡើយ។
2ជាការពិតណាស់ យើងបានបង្កើតមនុស្សពីតំណក់(ទឹកកាម)ដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ បន្ទាប់មក យើងបានឱ្យគេស្ដាប់ឮ និងមើលឃើញ។
3ពិតប្រាកដណាស់ យើងបានបញ្ជាក់ដល់គេនូវមាគ៌ា(ចង្អុលបង្ហាញនិងមាគ៌ាដែលវង្វេង)។ (ក្រោយមក) រូបគេអាចជាអ្នកដឹងគុណ ឬជាអ្នកដែលប្រឆាំង។
4ជាការពិតណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលប្រឆាំងនូវច្រវាក់ និងខ្នោះ ព្រមទាំងភ្លើងដែលឆេះសន្ធោសន្ធៅ។
5ពិតប្រាកដណាស់ អ្នកសាងអំពើល្អទាំងឡាយ (នៅក្នុងថ្ងៃបរលោក) ពួកគេទទួលទានស្រាដែលលាយជាមួយទឹកក្រអូបកាហ្វូរ។
6ជាប្រភពទឹកដែលខ្ញុំបម្រើអល់ឡោះទទួលទានដែលវាហូរទៅគ្រប់ទីកន្លែងដែលពួកគេត្រូវការ។
7ពួកគេ(ជាអ្នកដែល)បានបំពេញតាមបំណន់ ហើយពួកគេខ្លាចថ្ងៃមួយដែលប្រការអាក្រក់របស់វារាលដាលគ្រប់ទីកន្លែង(ថ្ងៃបរលោក)។
8ហើយពួកគេផ្ដល់អាហារដែលពួកគេចូលចិត្ដទៅឱ្យជនក្រីក្រ ក្មេងកំព្រា និងឈ្លើយសឹក។
9(ពួកគេនិយាយថា៖) តាមពិត ពួកយើងផ្ដល់អាហារដល់ពួកអ្នក គឺដើម្បីទទួលបានការពេញចិត្តពីអល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងការថ្លែងអំណរគុណអ្វីពីពួកអ្នកឡើយ។
10ពិតប្រាកដណាស់ ពួកយើងខ្លាចព្រះជាម្ចាស់របស់ពួកយើងនៅថ្ងៃមួយដែល(ពួកគ្មានជំនឿ)មានទឹកមុខក្រញូវដោយសារតែក្តីរន្ធត់(ក្នុងថ្ងៃនោះ)។
11ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានការពារពួកគេពីគ្រោះអាក្រក់នៃថ្ងៃនោះ ហើយទ្រង់បានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងក្ដីរីករាយ។
12ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌ និង(សម្លៀកបំពាក់អំពី)សូត្រដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។
13ពួកគេទំរេតខ្លួនលើគ្រែក្នុងឋានសួគ៌នោះ។ នៅក្នុងឋានសួគ៌នោះដែរ ពួកគេមិនត្រូវកំដៅថ្ងៃ ហើយក៏មិនត្រជាក់ខ្លាំងដែរ។
14ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើរបស់វាត្រូវបានគេធ្វើឱ្យងាយស្រួលសម្រាប់ពួកគេបេះបំផុត។
15ហើយមានអ្នកបម្រើជុំវិញពួកគេដោយមានភាជន៍ធ្វើអំពីប្រាក់ និងពែងថ្មកែវ។
16ថ្មកែវនោះធ្វើអំពីប្រាក់ដោយត្រូវបានកំណត់កម្រិត(ចំណុះ)យ៉ាងសមល្មម។
17ហើយពួកគេត្រូវបានគេបម្រើស្រាដែលមានលាយជាមួយខ្ញី។
18(ពួកគេទទួលទានពី)ប្រភពស្រានៅក្នុងឋានសួគ៌ដែលគេឱ្យឈ្មោះថា សាល់សាហ្ពីល។
19ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ។ នៅពេលដែលអ្នកឃើញពួកគេ អ្នកនឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។
20ហើយនៅពេលដែលអ្នកមើល(គ្រប់ទីកន្លែង)ក្នុងឋានសួគ៌នោះ អ្នកនឹងឃើញនូវការប្រោសប្រទាន(គ្រប់បែបយ៉ាង) និងអំណាចដ៏ធំធេង។
21នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺ(គ្របដណ្តប់ដោយ)សម្លៀកបំពាក់ពណ៌បៃតងធ្វើអំពីសូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ ព្រមទាំងត្រូវបានគេបំពាក់ដោយកងដៃធ្វើអំពីប្រាក់។ ហើយព្រះជាម្ចាស់បានប្រទានឱ្យពួកគេនូវភេសជ្ជៈដ៏បរិសុទ្ធ។
22(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ពិតប្រាកដណាស់ ទាំងអស់នេះ គឺជាការតបស្នងសម្រាប់ពួកអ្នក។ ហើយការប្រឹងប្រែងរបស់ពួកអ្នកត្រូវបានគេទទួលយក។
23ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាដំណាក់កាលៗ។
24ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់នៃព្រះជាម្ចាស់របស់អ្នក ហើយអ្នកមិនត្រូវប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកដែលប្រឆាំងក្នុងចំណោមពួកគេឡើយ។
25ហើយចូរអ្នករំឭកព្រះនាមនៃព្រះជាម្ចាស់របស់អ្នកទាំងព្រឹក ទាំងល្ងាច។
26ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកស៊ូជោតចំពោះទ្រង់ និងប្រតិបត្តិសឡាតចំពោះទ្រង់ឲ្យបានយូរ។
27ពិតប្រាកដណាស់ ពួក(មុស្ហរីគីន)ទាំងនោះ ពួកគេស្រលាញ់(ការរស់នៅក្នុង)លោកិយ ហើយពួកគេបោះបង់ថ្ងៃដ៏សែនធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ដាក់ពីក្រោយខ្នងពួកគេ។
28យើងជាអ្នកដែលបានបង្កើតពួកគេ និងបានធ្វើឲ្យរាងកាយពួកគេមានភាពរឹងមាំ។ ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។
29ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។
30ហើយពួកអ្នកមិនអាចមានចេតនាអ្វីមួយនោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។
31ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយចំពោះពួកដែលបំពាន ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។