الطور
The Mount • 49 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ស្បថនឹងភ្នំតួរ។
2(ទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដែលត្រូវបានគេកត់ត្រា
3នៅក្នុងក្រដាសដែលត្រូវបានគេលាតត្រដាង។
4(ទ្រង់)ស្បថនឹងពៃតុលម៉ាក់មួរ ។
5(ទ្រង់)ស្បថនឹងដំបូល(មេឃ)ដែលត្រូវបានគេលើកយ៉ាងខ្ពស់។
6(ទ្រង់)ស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។
7ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។
8គ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។
9នៅថ្ងៃដែលមេឃរង្គោះរង្គើ
10ហើយភ្នំទាំងឡាយបានរសាត់(ចេញពីទីតាំងរបស់វា)។
11ពិតប្រាកដណាស់ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលបដិសេធ។
12គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ។
13នៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។
14(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។
15ដូច្នេះ តើនេះជាមន្តអាគមឬ? ឬមួយក៏ពួកអ្នកមិនបានឃើញទេ?
16ចូរពួកអ្នកភ្លក់វាចុះ។ ហើយទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ ក៏វាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិត គេតបស្នងដល់ពួកអ្នកចំពោះតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តប៉ុណ្ណោះ។
17ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្នុងឋានសួគ៌ និងបរមសុខ។
18ពួកគេរីករាយជាមួយនឹងអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានដល់ពួកគេ។ ហើយព្រះជាម្ចាស់របស់ពួកគេបានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។
19ចូរពួកអ្នកទទួលទាន និងផឹកដោយក្តីរីករាយចុះដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
20ពួកគេទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។
21ចំពោះបណ្តាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេដែលបានដើរតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅរបស់ពួកគេបានជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌) ហើយយើងមិនធ្វើឱ្យ(ផលបុណ្យនៃ)ទង្វើកុសលរបស់ពួកគេបាត់បង់បន្តិចណាឡើយ។ រាល់បុគ្គលគ្រប់រូបនឹងទទួលបានតាមអ្វីដែលខ្លួនបានសាង។
22ហើយយើងបានបន្ថែមឱ្យពួកគេ(អ្នកឋានសួគ៌)នូវផ្លែឈើ និងសាច់ទៅតាមអ្វីដែលពួកគេចូលចិត្ត។
23នៅក្នុងឋានសួគ៌នោះ ពួកគេហុចកែវស្រាឱ្យគ្នាទៅវិញទៅមកដែលវាមិនធ្វើឱ្យពួកគេនិយាយពាក្យសម្ដីឥតប្រយោជន៍ និងពាក្យសម្តីដែលមានបាបកម្មនោះឡើយ។
24ហើយមានក្មេងៗជាច្រើនដើរជុំវិញ(ចាំបម្រើ)ពួកគេ ដែលក្មេងៗទាំងនោះប្រៀបដូចជាគជ់ខ្យងដែលត្រូវបានរក្សាទុកដូច្នោះដែរ។
25ហើយពួកគេបានសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
26ពួកគេនិយាយថា៖ ពិតប្រាកដណាស់ កាលពីមុន ក្នុងពេលពួកយើងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកយើង គឺពួកយើងធ្លាប់ជាអ្នកដែលបារម្ភខ្លាច(ទណ្ឌកម្មអល់ឡោះ)។
27ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានឱ្យពួកយើង ហើយបានការពារពួកយើងពីទណ្ឌកម្មដ៏សែនក្តៅ។
28ពិតប្រាកដណាស់ កាលពីមុន ពួកយើងធ្លាប់បានបួងសួងទៅកាន់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាសប្បុរស មហាអាណិតស្រលាញ់បំផុត។
29ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រំឭកចុះ ព្រោះថាជាមួយនឹងឧបការគុណនៃព្រះជាម្ចាស់របស់អ្នក គឺអ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតនោះដែរ។
30ឬមួយពួកគេ(ពួកមុស្ហរីគីន)និយាយថា៖ (រូបគេជា)កវីនិពន្ធម្នាក់ដែលពួកយើងនៅរង់ចាំសេចក្តីស្លាប់មកដល់រូបគេ។
31ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ រូបខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
32ផ្ទុយទៅវិញ តើសតិបញ្ញារបស់ពួកគេបញ្ជាពួកគេឱ្យនិយាយដូច្នោះឬ? ផ្ទុយទៅវិញ ពួកគេជាក្រុមដែលបំពាន។
33ឬមួយពួកគេនិយាយថា៖ រូបគាត់តាក់តែងគម្ពីរគួរអាន(ដោយខ្លួនឯង)? ផ្ទុយទៅវិញ ពួកគេមិនមានជំនឿឡើយ។
34ដូច្នេះ ចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដែលដូចនឹងវា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកទៀងត្រង់(ចំពោះការអះអាងរបស់ខ្លួន)មែននោះ។
35តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)?
36ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។
37ឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា?
38ឬមួយក៏ពួកគេមានជណ្តើរឡើងទៅស្តាប់(វ៉ាហ៊ីរបស់អល់ឡោះ)? បើដូច្នោះ ចូរឱ្យពួកគេនាំអ្នកដែលបានស្តាប់ឮ(វ៉ាហ៊ីនោះ)ក្នុងចំណោមពួកគេដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់មក។
39ឬមួយក៏បុត្រី គឺសម្រាប់ទ្រង់ ចំណែកឯកូនប្រុសវិញ គឺសម្រាប់ពួកអ្នក?
40ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារពីពួកគេនូវកម្រៃ(ចំពោះផ្សព្វផ្សាយសារ)ដែលធ្វើពួកគេមានការលំបាកក្នុងការបង់កម្រៃនោះ(ដល់អ្នក)?
41ឬមួយក៏ពួកគេដឹងពីប្រការអាថ៌កំបាំង រួចពួកគេកត់ត្រាទុក(ប្រាប់ដល់មនុស្ស)?
42ឬមួយក៏ពួកទាំងនោះមានបំណងចង់ប្រើឧបាយកល(ចំពោះអ្នក)? ជាការពិតណាស់ ពួកដែលប្រឆាំង ឧបាយកលរបស់ពួកគេ គឺត្រឡប់ទៅកាន់ខ្លួនឯងទៅវិញទេ។
43ឬមួយក៏ពួកគេមានព្រះផ្សេងក្រៅពីអល់ឡោះ? អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក។
44ហើយប្រសិនបើពួកគេឃើញបំណែកមួយអំពីមេឃធ្លាក់ចុះមក ពួកគេនឹងនិយាយថា៖ នេះជាពពកដែលគរលើគ្នា(ធម្មតា)ប៉ុណ្ណោះ។
45ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។
46គឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។
47ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។
48ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។
49ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។